ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដំណឹងដល់សិស្សានុសិស្សទាំងអស់ ជ្រាបថា ដោយមើលឃើញពីការវិវឌ្ឍយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល និងកាលានុវត្តភាពដ៏មានសារៈសំខាន់ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលឈានមុខថ្មីៗ សម្រាប់ការជំរុញកំណើនសេដ្ឋកិច្ចនិងការប្រកួតប្រជែងក្នុងយុគសម័យឌីជីថល និងដើម្បីឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ក្នុងគោលដៅកសាងនិងអភិវឌ្ឍមូលធនមនុស្សឌីជីថល នៅក្នុងឆ្នាំសិក្សាថ្មីនេះ ក្រោមក្របខណ្ឌនៃ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ក.ប.ទ. នឹងផ្តល់អាហារូបករណ៍ចំនួន ២៥ កន្លែង ដើម្បីសិក្សា ថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច (Quantum Computing) នៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលមានអត្ថប្រយោជន៍និងលក្ខខណ្ឌដូចខាងក្រោម៖
១. អត្ថប្រយោជន៍នៃការសិក្សា
និស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍រួមមាន៖
– កុំព្យូទ័រយួរដៃ ១គ្រឿង
– ការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ
– ឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យាទាំងក្នុងនិងក្រៅប្រទេស
– ការជួយជ្រោមជ្រែងគាំទ្រពី ក.ប.ទ.ដើម្បីជួយសម្រួលដល់ការសិក្សារយៈពេល៤ឆ្នាំដោយជោគជ័យ
– ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និស្សិតអាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅក្នុងប្រទេស ឬក្រៅប្រទេស តាមការរៀបចំរបស់ ក.ប.ទ.។
២. លក្ខខណ្ឌនៃការជ្រើសរើស
បេក្ខជន និងបេក្ខនារីទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
– ជាសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៦ មាន និទ្ទេសរួម A ហើយត្រូវមាន និទ្ទេស A លើមុខវិជ្ជា គណិតវិទ្យា និង រូបវិទ្យា (សិស្សពូកែគណិតវិទ្យា និងរូបវិទ្យាថ្នាក់ជាតិ ត្រូវបានលើកទឹកចិត្ត)
– ត្រូវឆ្លងកាត់ការប្រឡងប្រជែងដូចបានកំណត់នៅក្នុងចំណុចទី៣ ខាងក្រោម។
៣. កាលបរិច្ឆេទ និងការទទួលពាក្យប្រឡង
– បេក្ខជន និងបេក្ខនារី ត្រូវមកចុះឈ្មោះប្រឡងដោយផ្ទាល់នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលមានអាសយដ្ឋាននៅអគារលេខ ២៧៨H ផ្លូវលេខ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ (សូមស្កេន QR Code សម្រាប់ទីតាំងលើ Google Map)
– បេក្ខជន បេក្ខនារី ត្រូវឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសា គណិតវិទ្យា រូបវិទ្យា និង ភាសាអង់គ្លេស (ក្នុងករណីបេក្ខជន បេក្ខនារីពុំមានលទ្ធផលបញ្ជាក់សមត្ថភាពភាសាអង់គ្លេស)
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទ ឬ Telegram លេខ ០៧០ ៣៦៦ ៦២៣ / ០៩៣ ៣៦៦ ៦២៣ ឬអ៊ីមែល admissions@aupp.edu.kh។ ទីតាំង
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) https://go.gov.kh/mptc/maps-aupp
សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសិស្សានុសិស្សទាំងអស់ជ្រាបជាព័ត៌មាន។
#TechoDigitalTalentScholarship#QuantumComputing#AUPP#ScholarshipCambodia#Scholarship2026#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia




