ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ទទួលជំនួបសម្ដែងការគួរសមពីសំណាក់ ឯកឧត្តម Michel Parys ឯកអគ្គរាជទូតប៊ែលហ្សិកប្រចាំកម្ពុជា

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Michel Parys ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រប៊ែលហ្សិកប្រចាំកម្ពុជា នៅទីស្ដីការ ក.ប.ទ.។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តមឯកអគ្គរាជទូត មកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរចំពោះសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាននាពេលកន្លងមក ក្នុងនោះក៏មានអកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានភាពលេចធ្លោ និងសោភ័ណភាពស្រស់ស្អាត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាពាក់ព័ន្ធនឹង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ហ្រ្វង់កូតិច-FrancoTech ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចែករំលែកអំពីវឌ្ឍនភាពនៃការដាក់ឱ្យប្រើប្រាស់ថ្នាល verify នៅកម្ពុជា និងឈានទៅចែករំលែកជាមួយបណ្តាប្រទេសជាមិត្ត។ ​បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរាជទូត បានក៏បានពិភាក្សាលើការបណ្តុះបណ្តាលធនធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថល​ឈានមុខថ្មីៗ និងបានផ្តួចផ្តើមឱ្យមានកិច្ចសហប្រតិបត្តិការផ្ទាល់រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃ ក.ប.ទ. និងសាកលវិទ្យាល័យនៅព្រះរាជាណាចក្រប៊ែលហ្សិក ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងកម្មវិធីផ្លាស់ប្តូរសាស្រ្តចារ្យ។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia