សេចក្តីជូនដំណឹង ស្តីពី ការរៀបចំវេទិកាសុវត្ថិភាពលើប្រព័ន្ធអនឡាញ លើកទី២ ឆ្នាំ២០២៥

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ក.ប.ទ. សហការជាមួយក្រុមហ៊ុន ស្មាតអាស្យាតា រៀបចំវេទិកាស្តីពី “សុវត្ថិភាពលើប្រព័ន្ធអនឡាញ លើកទី២ ឆ្នាំ២០២៥” ក្រោមមូលបទ៖ កសាងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (Online Safety Forum 2025: Building Trust in the Age of AI) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង៧:៣០នាទីព្រឹក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ វេទិកានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាអំពីហានិភ័យលើប្រព័ន្ធអនឡាញ ចែករំលែកចំណេះដឹងអំពីបច្ចុប្បន្នភាពបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត Artificial Intelligence (AI) ជាពិសេស Generative AI ជា AI ជំនាន់ថ្មីដែលត្រូវបានប្រើប្រាស់ក្នុងការផលិតមាតិកាមិនសមរម្យដែលអាចបង្កហានិភ័យ និងគ្រោះថ្នាក់ដល់សុខភាពសាធារណៈ និងសណ្តាប់សង្គម។

វេទិកាស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ ឆ្នាំ២០២៥ នឹងបើកជូនសាធារណជនចូលរួម ដោយសេរី ចុះឈ្មោះតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/osfguess ព្រមទាំងមានការដាក់តាំងបង្ហាញសមិទ្ធផលសេវាសាធារណៈឌីជីថលរបស់ ក.ប.ទ. ផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈអ៊ីមែល ratha-long@mptc.gov.kh ឬលេខទូរសព្ទ ០៩២ ៨៧៦ ៦៧៩។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម សាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។