ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទស្សនាពិព័រណ៍​​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង​ពិភាក្សា​ការងារ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ ក្នុងឱកាស​សន្និសីទ​​បញ្ញាសិប្បនិម្មិត​ពិភពលោក

សៀងហៃ៖ សន្និសីទ​បញ្ញាសិប្បនិម្មិតពិភពលោក បាន​និងកំពុង​ប្រព្រឹត្ត​ទៅពីថ្ងៃទី​១៧ ដល់​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២៦ នៅក្រុង​សៀងហៃ សាធារណរដ្ឋ​ប្រជាមានិតចិន។ បន្ទាប់​ពី​បញ្ចប់កិច្ចប្រជុំផ្លូវការ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​អញ្ជើញ​ទស្សនាពិព័រណ៍​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត នៅ​សាល​ពិព័រណ៍​សកល​នៃក្រុងសៀងហៃ អមដោយ​ថ្នាក់ដឹកនាំ​អង្គភាព​ជំនាញ​និង​អ្នក​ជំនាញ​បច្ចេកទេស ដើម្បី​ស្វែងយល់ដោយផ្ទាល់​អំពីការវិវឌ្ឍ​ចុងក្រោយ​នៃ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​និង​និន្នាការ​ថ្មីៗក្នុងទីផ្សារ។

ឯកឧត្ដមរដ្ឋមន្ត្រី​និង​គណៈប្រតិភូ​បាន​អញ្ជើញ​ទស្សនា​ស្តង់ពិព័រណ៍និង​ពិភាក្សា​ការងារ​ជាមួយ​​ក្រុមហ៊ុន Huawei, ZTE, China Telecom និង​ Alibaba។ ក្នុងនោះ ក្រុមហ៊ុន​នានា​បាន​បង្ហាញ​អំពី​បច្ចេកវិទ្យា​ចុងក្រោយលើផ្នែក​បញ្ញាសិប្បនិម្មិតនិងផ្នែក​ពាក់ព័ន្ធ រួមមានម៉ាស៊ីនគណនានិង​សេវូបករណ៍​​ឯកទេសសម្រាប់​បញ្ញាសិប្បនិម្មិត ប្រព័ន្ធ​ប្រតិបត្តិការ ថ្នាល​បច្ចេកវិទ្យា​ពពក និង​ថ្នាល​អភិវឌ្ឍ​និង​ដំណើរការ​ប្រព័ន្ធ​បញ្ញាសិប្បនិម្មិត ដែល​មាន​សមត្ថភាព​ថ្មីៗនិង​ល្បឿន​លឿន​ជាងមុន ដើម្បី​សម្របទៅនឹង​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​យុគសម័យ​បញ្ញាសិប្បនិម្មិត។ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមការងារ​បច្ចេកទេស​នៃ​ភាគី​ទាំង​អស់​សហការ​គ្នា​កាន់តែជិតស្និទ្ធ​ដើម្បី​ពន្លឿន​កិច្ចសហការ​។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia