រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសចំនួន ៣ ពាក់ព័ន្ធក្នុងវិស័យទូរគមនាគមន៍» នៅសណ្ឋាគារសាងគ្រីឡាភ្នំពេញ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និយ័តករ វិស័យឯកជន ប្រតិបត្តិករទូរគមនាគមន៍ សមាគមពាណិជ្ជកម្ម គ្រឹះស្ថានសិក្សានិងស្រាវជ្រាវ ព្រមទាំងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ ១៥០ នាក់ ដើម្បីរួមគ្នាពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសសំខាន់ៗចំនួន ៣ រួមមាន៖ (១) ផែនការជាតិវិសាលគមន៍ប្រេកង់វិទ្យុ (២) បទដ្ឋានបច្ចេកទេសនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ (៣) ការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍។









ថ្លែងក្នុងពិធីនេះ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការប្តេជ្ញាចិត្តរបស់ក្រសួង ក.ប.ទ. ក្នុងការរៀបចំការពិគ្រោះយោបល់ជាសាធារណៈនេះឡើង។ បន្ថែមលើនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីសារៈសំខាន់នៃការចូលរួមពីសំណាក់រាជរដ្ឋាភិបាល និយ័តករ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការរួមគ្នាបង្កើតកំណែទម្រង់ដែលនាំមកនូវផលប្រយោជន៍យូរអង្វែងសម្រាប់កម្ពុជា។ ឯកឧត្តម បន្ថែមថា សិក្ខាសាលានេះគឺជាឱកាសដ៏សំខាន់ក្នុងការពិនិត្យសេចក្តីព្រាង កំណត់បញ្ហាប្រឈមក្នុងការអនុវត្ត និងធានាថាប្រកាសទាំង ៣ នេះអាចយកទៅអនុវត្តបានជាក់ស្តែង និងស្របតាមអាទិភាពអភិវឌ្ឍន៍របស់ប្រទេស។
ថ្លែងបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សេចក្តីព្រាងប្រកាសទាំង ៣ នេះ គឺជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបានក្នុងការធ្វើកំណែទម្រង់វិស័យទូរគមនាគមន៍ ដើម្បីឆ្លើយតបទៅនឹងការវិវត្តដ៏រហ័សនៃបច្ចេកវិទ្យា និងគាំទ្រដល់ដំណើរការបរិវត្តកម្មឌីជីថលរបស់កម្ពុជា។ សេចក្តីព្រាងប្រកាសទាំងនេះ នឹងជួយពង្រឹងក្របខណ្ឌសម្រាប់ការគ្រប់គ្រង និងការប្រើប្រាស់វិសាលគមន៍ហ្វ្រេកង់វិទ្យុឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងធានាបាននូវគុណភាព សុវត្ថិភាព និងអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ក្នុងប្រទេស។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យចូលរួមផ្តល់មតិយោបល់ និងធាតុចូលឱ្យបានផុលផុសដើម្បីឱ្យប្រកាសទាំង ៣នេះ មានភាពគ្រប់ជ្រុងជ្រោយ អាចយកទៅអនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបចំតម្រូវការជាក់ស្តែង។
#posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia

