ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបច្ចេកវិទ្យាព័ត៌មានវិទ្យាកម្រិតមូលដ្ឋានរបស់និស្សិតនៃមូលនិធីសហ្វវែរកូរ៉េសម្រាប់ជំនួយជាសកល (KSGA)
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបច្ចេកវិទ្យាព័ត៌មានវិទ្យាកម្រិតមូលដ្ឋានរបស់និស្សិតនៃមូលនិធិសូហ្វវែរកូរ៉េសម្រាប់ជំនួយជាសកល (KSGA)។ ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមជ្ឈមណ្ឌលកូរ៉េសូហ្វវែរ HRD សាស្រ្តាចារ្យ សិស្សនិស្សិត សរុប១៥០នាក់ មកពីសាកលវិទ្យាល័យចំនួន ១៣ នៅក្នុងរាជធានីភ្នំពេញ ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យានិងធនាគាររបស់កូរ៉េ និងកម្ពុជា ដើម្បីស្វែងរកនិស្សិតមានសមត្ថភាព និងផ្ដល់ឱកាសការងារ។ ក្នុងនោះដែរ និស្សិតចំនួន ៩ក្រុម ត្រូវបានជ្រើសរើសឱ្យឡើងធ្វើបទបង្ហាញអំពីគម្រោងរបស់ខ្លួន ហើយគណៈកម្មការវាយតម្លៃនឹងជ្រើសរើសយកក្រុមជ័យលាភីចុងក្រោយចំនួន ៣ក្រុម។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកវិស័យឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានការទទួលខុសត្រូវខ្ពស់ចំពោះការជំរុញបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការចាប់យកឌីជីថលក្នុងក្រសួងស្ថាប័ន វិស័យឯកជន និងសង្គមជាតិទាំងមូល។ ដូចនេះ ក្រសួងបានផ្ដោតការយកចិត្តទុកដាក់ជាអាទិភាពលើការកសាងធនធានមនុស្សក្នុងវិស័យឌីជីថល ដើម្បីពង្រឹងសមត្ថភាពសិស្ស-និស្សិត ចាប់តាំងពីថ្នាក់បឋមសិក្សា ដល់ឧត្តមសិក្សា ឱ្យចាប់អារម្មណ៍ និងជ្រើសរើសជំនាញឌីជីថល ជាយានឆ្ពោះទៅអាជីពការងារនាពេលអនាគត និងដើម្បីបំពេញតម្រូវការអ្នកជំនាញបច្ចេកិទ្យាឥតឈប់ឈរ។
ជាក់ស្ដែងសកម្មភាពអាទិភាព ដែលក្រសួងបានធ្វើកន្លងមករួមមានជាអាទី៍៖
១. នៅកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ក្រសួងបានផ្តួចផ្តើមបង្កើតកម្មវិធីជាច្រើនដូចជា កម្មវិធីអនាគតបញ្ញវ័ន្តឌីជីថល (Future Digital Talents) កម្មវិធី Technovation ដើម្បីលើកកម្ពស់ចំណេះដឹងឌីជីថល (Tech Awareness) ជំរុញការចាប់យកឌីជីថល (Tech Adoption) និងប្រកួតប្រជែង (Tech Competition) នានា។
២. នៅកម្រិតវិទ្យាល័យ ក្រសួងបានចាប់ផ្ដើមរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដល់គ្រប់វិទ្យាល័យ ព្រមទាំងតភ្ជាប់បណ្តាញខ្សែកាបអុបទិកនិងអុីនធឺណិតទៅដល់គ្រប់ឃុំ-សង្កាត់ ត្រឹមឆ្នាំ២០២៧ ដោយចាប់ផ្តើមដំបូងចេញពីខេត្តតាកែវ និងកម្មវិធីប្រកួតប្រជែងបញ្ញវ័ន្តឌីជីថល។
៣. នៅកម្រិតឧត្តមសិក្សា ក្រសួងនឹងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងអ៊ីនធឺណិត មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល (Digital Tech Center) និងប្រព័ន្ធគ្រប់គ្រងសកលវិទ្យាល័យ (University Management System) ដែលបម្រើដល់ការងារប្រចាំថ្ងៃនិងការសិក្សារបស់និស្សិត ក្នុងករណី មានការស្នើសុំពីគ្រឹះស្ថានឧត្តមសិក្សានានា ហើយបច្ចុប្បន្ន ក្រសួងកំពុងរៀបចំផែនទីបង្ហាញផ្លូវ (Roadmap) រួមសម្រាប់ការបណ្តុះបណ្តាលកម្រិតឧត្តមសិក្សាផងដែរ ដើម្បីឆ្លើយតបនឹងនិន្នាការ វិវត្តន៍របស់បច្ចេកវិទ្យាទាំងក្នុងតំបន់និងពិភពលោក។
ស្របជាមួយគ្នានោះ ក្រសួងក៏បានគិតគូរអំពីការកសាងធនធាន មនុស្សឆ្នើមក្នុងយុគសម័យឌីជីថលផងដែរ តាមរយៈកម្មវិធី ២ គឺ៖
- “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ – Techo Digital Talent Scholarship” ដែលបច្ចុប្បន្នមាននិស្សិតសរុបចំនួន ៥០៨ នាក់ ដែលកំពុងសិក្សានៅគ្រឹះស្ថានជាដៃគូចំនួន ៥។
- “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល – Digital Skill Development Program” ដែលកំពុងរៀបចំនិងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មជ្ឈមណ្ឌលកូរ៉េសូហ្វវែរ HRD ដែលបានចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលអ្នកជំនាញឌីជីថលបានយ៉ាងច្រើនប្រកបដោយគុណភាព និងកម្រិតខ្ពស់ ហើយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សង្ឃឹមថាមជ្ឈមណ្ឌលកូរ៉េសូហ្វវែរ HRD នឹងបន្តបណ្ដុះបណ្ដាល និងអភិវឌ្ឍសមត្ថភាពជំនាញឌីជីថលឱ្យកាន់តែច្រើនឡើងថែមទៀតដើម្បីគាំទ្រ និងជំរុញការអភិវឌ្ឍធនធានមនុស្សឌីជីថលឱ្យបានច្រើនបន្ថែមទៀតនាពេលអនាគត។